យុវវ័យគាំទ្រពេញទំហឹងកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ”  Price : $

យុវវ័យបានគាំទ្រពេញទំហឹង ចំពោះកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” ដែលបានបើកសម្ពោធ ជាផ្លូវការ ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ម្សិលមិញនេះ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។

នៅក្នុងកម្មវិធីបើកសម្ពោធ ជាផ្លូវការកម្មវិធី Hear My Song ព្រឹកមិញ និស្សិតឆ្នាំទី ២ ផ្នែក IT នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ លោក គឹមអាន សុផាស័ក្ត ប្រាប់ថា លោកគាំទ្រទាំងស្រុង ចំពោះកម្មវិធីលើកកម្ពស់ ការតែងនិពន្ធបទភ្លេងថ្មី។ “ខ្ញុំយល់ថាល្អខ្លាំងណាស់បង សម្រាប់កម្មវិធីនេះ ព្រោះអីធ្វើឱ្យមិត្តៗយុវវ័យ គាត់អាចបញ្ចេញសមត្ថភាពរបស់ខ្លួន ក៏ដូចជាការជួយលើកកម្ពស់ ការតែងនិពន្ធ ក្នុងប្រទេសកម្ពុជា”។

និស្សិតរូបនេះ បានបន្តថា លោកចង់ឱ្យកម្មវិធី Hear My Song មានជារៀងរាល់ឆ្នាំ ព្រមទាំងការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដើម្បីឱ្យមិត្តយុវវ័យនៅ ទូទាំងប្រទេសបានបញ្ចេញសមត្ថភាព របស់ពួកគេ។

ដោយឡែក កញ្ញា លី ស្រីវីន និស្សិតផ្នែកហិរញ្ញវត្ថុ និង ធនាគារមកពីសាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចលើកឡើងថា ការបង្កើតកម្មវិធីនេះឡើង កាន់តែធ្វើឱ្យមិត្តៗ មានកម្លាំងចិត្តក្នុងការតែងនិពន្ធ អ្វីដែលថ្មី និង ជារបស់ខ្មែរសុទ្ធសាធ។

កញ្ញា លី ស្រីវីន បញ្ជាក់ថា៖ “ដូចបងដឹងស្រាប់ហើយយុវជនយើង ខ្លះគាត់មានសមត្ថភាពខ្ពស់ ក្នុងការតាក់តែង ប៉ុន្តែ ពួកគាត់មិនដឹងយកចំណេះដឹង របស់គាត់ទៅផ្សព្វផ្សាយនៅទីណាទេ ដូច្នេះហើយមានកម្មវិធី Hear My Song នេះឡើងខ្ញុំគិតថា ពួកគាត់នឹងអាចបញ្ចេញសមត្ថភាព ដែលគាត់លាក់ទុកយូរមកហើយ”។

យ៉ាងណាក៏ដោយនិស្សិតស្រស់ស្អាត ផ្នែកធនាគាររូបនេះ ស្នើដល់កម្មវិធីយកចិត្តទុកដាក់ខ្ពស់ លើបេក្ខជន និងបេក្ខនារី ដែលជាប់ជាជយលាភី ដោយធ្វើយ៉ាងណាស្វែងរកទីផ្សារ ឱ្យពួកគេ ដើម្បីបន្តស្នាដៃតែង និពន្ធថ្មីទៅថ្ងៃអនាគត។

និយាយដោយអះអាងថា ពេញចិត្តជាខ្លាំងចំពោះកម្មវិធី “ស្ដាប់ចម្រៀង របស់ខ្ញុំ” លោក សូត សុគន្ធថារិទ្ធ និស្សិតមកពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដែរ បានលើកឡើងថា ការបង្កើតកម្មវិធី Hear My Song នេះឡើងនឹងអាចជួយកាត់បន្ថយ ការលួចចម្លងស្នាដៃពីបរទេស។

“ខ្ញុំគាំទ្រ និងពេញចិត្តខ្លាំងណាស់ ចំពោះកម្មវិធីនេះ យើងដឹងស្រាប់ហើយ ការលួចចម្លងស្នាដៃ ក្នុងប្រទេសកម្ពុជា កំពុងតែ រីករាលដាលខ្លាំង អីចឹងហើយពេលមានកម្មវិធីនេះ ខ្ញុំយល់ថានឹងជួយកាត់បន្ថយបាន ច្រើនចំពោះការលួចចម្លងស្នាដៃពីបរទេស”។

ជាមួយនឹងការរំពឹងខ្ពស់ថា មិត្តយុវវ័យនឹងចូលរួម ដាក់ពាក្យប្រកួតប្រជែងច្រើន ហើយកម្មវិធី Hear My Song នឹងទទួលបាន ជោគជ័យ។ កញ្ញា ភួយ សាវុធ បុគ្គលិកមកពីក្រុមហ៊ុន Golden Gekko បានអះអាងថា កម្មវិធីខាងលើពិតជាល្អខ្លាំងណាស់ សម្រាប់កូនខ្មែរ គ្រប់រូប ជាពិសេសមិត្តៗ យុវវ័យមានសមត្ថភាពក្នុងការតែងនិពន្ធ នឹងធ្វើឱ្យពួកគេអាចបញ្ចេញសមត្ថភាព ឱ្យមនុស្សដទៃទៀតបានដឹង។

កញ្ញា ភួយ សាវុធ ប្រាប់ថា៖ “ខ្ញុំអត់ចេះតែងនិពន្ធអីទេ ប៉ុន្តែខ្ញុំចូលចិត្តស្នាដៃថ្មី ដែលបង្កើតឡើងដោយ យុវវ័យមានសមត្ថភាព។ ខ្ញុំសូមចូលរួម និង គាំទ្រជានិច្ច សម្រាប់កម្មវិធីលើកកម្ពស់ ស្នាដៃតែងនិពន្ធថ្មីនេះ”

រីឯកញ្ញា ប្រាក់ សុវណ្ណារី និស្សិតក្នុងវិទ្យាស្ថាន ភាសាបរទេស (IFL) ជឿជាក់ថា កម្ពុជានឹងមានធនធានមនុស្សច្រើន ក្នុងការបង្កើតបទភ្លេងថ្មីនៅ ពេលកម្មវិធី Hear My Song បង្កើត ឡើង ហើយមិត្តយុវវ័យគ្រប់រូបនឹងគាំទ្រ ព្រមទាំងផ្ដល់តម្លៃខ្ពស់ នៅអ្វីដែលជាស្នាដៃថ្មីរបស់ យុវជន-យុវនារីខ្មែរ។

និស្សិតរូបនេះ បានបញ្ជាក់ថា៖ “ខ្ញុំយល់ថា បច្ចុប្បន្នយើងខ្វះខាតច្រើន អ្នកនិពន្ធបទភ្លេងថ្មី ប៉ុន្តែនៅពេលខាងមុខ នឹងមានអ្នកនិពន្ធបទភ្លេងថ្មីច្រើន ដោយសារតែមានកម្មវិធី Hear My Song នេះកើតឡើង”។

មិត្តៗយុវវ័យដែលមានចំណាប់អារម្មណ៍ ក្នុងការប្រកួតប្រជែង ឬក៏ចង់បញ្ចេញសមត្ថភាពក្នុងកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” សូមផ្ញើស្នាដៃថ្មី ដែលខ្លួនបានបង្កើតមកកាន់ Email submit@sabay.com ឬក៏ទាក់ទងមកលេខទូរសព្ទ ០៩៦ ៥៥៥៥ ០៤១។

កម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” អាចដំណើរការណ៍ទៅបាន ដោយមានអង្គភាព៤ ចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតកម្មវិធីនេះឡើង ក្នុងនោះមាន ក្រសួងព័ត៌មាន ក្រុមហ៊ុន Sabay Digital Corporation មជ្ឈមណ្ឌលតន្ត្រី Madison និង ក្រុមហ៊ុន TY KEA Co.,Ltd៕